
នាទីសុខភាពនិងអនាម័យ
Podcast by RFI ខេមរភាសា / Khmer
សុខភាព ជា បញ្ហា ចម្បង របស់ មនុស្ស គ្រប់ រូប ! ដើម្បី ចូល រួម ចំណែក លើក កម្ពស់ សុខភាព សាធារណៈ នៅ រៀង រាល់ ថ្ងៃ ពុធ អស់ លោក អ្នកនាង នឹង បាន ស្តាប់ សេចក្តី អត្ថាធិប្បាយ និង បទសម្ភាសន៍ របស់ អៀង សុខម៉ិញ ជាមួយ នឹង គ្រូពេទ្យ ឯកទេស ស្តី ពី ប្រធានបទ ផ្សេងៗ ទាក់ទង នឹង សុខភាព មានជាអាទិ៍ ការការពារ ការព្យាបាល។
Aloita 7 vrk maksuton tilaus
Kokeilun jälkeen 7,99 € / kuukausi.Peru milloin tahansa.
Kaikki jaksot
24 jaksot
គីស ដុំសាច់ ក្នុងស្បូន ជាករណីដែលកើតមានជាញឹកញាប់លើស្ត្រី។ គីស ឬដុំសាច់នេះ មិនសុទ្ធតែកាច ក្លាយជាជំងឺមហារីកទេ។ ប៉ុន្តែ អាការៈតម្រូវឲ្យ គ្រូពេទ្យវះកាត់យកវាចេញ។ តើគីសប្រភេទណា ត្រូវយកចេញ ? គីសណាអាច ទុកតាមដានបាន? ការវះកាត់យកចេញប្រព្រឹត្តទៅយ៉ាងដូចម្តេច? បទ សម្ភាសន៍ របស់ អៀង សុខម៉ិញ ជាមួយ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នាយក ឯកទេសផ្នែក សម្ភព រោគស្ត្រី និង ជា ប្រធាន ផ្នែក រោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុង ភ្នំពេញ។

អាជ្ញាធរ សុខាភិបាលកម្ពុជា បាន អះអាង ថា កម្ពុជា កំពុង ប្រឈម នឹង កំណើន ជំងឺ មិនឆ្លង ដែល ស្ទើរ ក្លាយ ជា មូលហេតុ ទីមួយ នៃ មរណភាព របស់ ពលរដ្ឋ ។ បើ មិន ឆ្លងផង ហេតុ អ្វី ជំងឺ នេះ មាន កំណើន ខ្លាំង ? តើ អ្វីជា កត្តា ជំរុញ ឱ្យ មាន ជំងឺ មិន ឆ្លង ? តើ គេ អាច ទប់ ស្កាត់ និង បង្ការ ជំងឺ មិន ឆ្លង បាន ដែរឬទេ? មនុស្ស គ្រប់ រូប ប្រយ័ត្ន ប្រយែង ខ្លាំងណាស់ ខ្លាច ឆ្លង មេរោគ ឆ្លង ជំងឺ ផ្សេងៗ ពី អ្នក ដទៃ។ អាជ្ញាធរ ប្រទេសនីមួយៗ ក៏ ប្រឹង ប្រែង ខ្លាំងដែរ ក្នុង ការ បើក យុទ្ធនាការ ជាតិ ឬមូលដ្ឋាន ចាក់ ថ្នាំ បង្ការ ឬ រក មធ្យោបាយ ទប់ ស្កាត់ ជំងឺ ឆ្លង។ ប៉ុន្តែ បច្ចុប្បន្ននេះ បើ តាម ស្ថិតិ ពិភពលោក ជំងឺ មិន ឆ្លងកំពុង សម្លាប់ មនុស្ស ច្រើន ជាង គេ។ នៅ ឆ្នាំ ២០២១ មានមនុស្ស ជាង ៤៣ លាន នាក់ បានស្លាប់ ដោយ ជំងឺ មិនឆ្លង ពោលគឺ ស្មើ នឹង ប្រមាណ ៧៥% នៃ ចំនួនមរណភាព សរុបនៅលើ ពិភពលោក ដែល មិនពាក់ព័ន្ធ នឹង ជំងឺ រាតត្បាត។ នៅក្នុង ឆ្នាំ ២០២១ ដដែល ជំងឺ មិនឆ្លង បាន សម្លាប់ មនុស្ស អាយុ ក្រោម ៧០ឆ្នាំ អស់ ១៨លាន នាក់ ឬ ស្មើ នឹង ៨២% នៃមរណភាព មុន កាល នៅ តាម បណ្តាប្រទេស ក្រីក្រ និង មធ្យម។ នេះ បើ តាមតួលេខ ផ្តល់ ដោយ អង្គការ សុខភាពពិភពលោក។ មិន ដូច ជា ការ គិត ជំងឺ មិនឆ្លង មិនមែនជា ជំងឺ របស់ ប្រទេស អ្នកមាន ទេ ៧៣% នៃ អ្នកស្លាប់ ដោយ ជំងឺ មិនឆ្លង រស់ នៅក្នុង ប្រទេស ក្រីក្រ និង មធ្យម។ ជាក់ស្តែង នៅប្រទេសកម្ពុជា បើ តាម លទ្ធផលអង្កេត របស់ក្រសួងសុខាភិបាល ដោយ មានជំនួយ បច្ចេកទេស ពី អង្គការ សុខភាពពិភពលោកកាលពី ឆ្នាំ ២០២៣ ករណី ជំងឺ មិន ឆ្លង បានកើន ឡើង ខ្លាំង គួរ ឱ្យ ព្រួយ បារម្ភ និង ក្លាយ ជា មូលហេតុ ទីមួយ នៃមរណភាព ដែល មាន ចំនួន ប្រមាណ ៦ម៉ឺន នាក់ក្នុងមួយ ឆ្នាំ។ អាជ្ញាធរសុខាភិបាលកម្ពុជា បាន ទទួល ស្គាល់ថា ជា ស្ថានភាពអាក្រក់ និង បាន អំពាវនាវ ឱ្យប្រជាពលរដ្ឋ ប្តូរ ទម្លាប់ រស់ នៅ។ តើ ជំងឺមិនឆ្លងនេះ ជា អ្វី? ដូចឈ្មោះ ហៅ ជំងឺមិនឆ្លង ជាក្រុម ជំងឺ ដែល មិនបង្ក ឡើង ដោយការ ឆ្លង ពី អ្នក ផ្សេង ឬ ដោយ ការ ចម្លង មេរោ គ ឱ្យ គ្នា ឬ អាច ហៅ ម្យ៉ាង ទៀត ថា ជាជំងឺ រ៉ាំរ៉ៃ និង ជា ជំងឺ ពាក់ព័ន្ធ ដោយ ផ្ទាល់ ទៅ នឹង ឥរិយាបថ របស់ បុគ្គល ខ្លួន ឯង ភ្ជាប់ ដោយ កត្តាពូជ កត្តា សរីរៈវិទ្យា និង បរិស្ថាននៅជុំ វិញ ខ្លួន។ ជំងឺ មិន ឆ្លង ច្រើន តែ ឈឺ អូសបន្លាយ ទៅ តាម ពេលវេលា ហើយ ទាមទារ ការ ព្យាបាល និង ថែ ទាំ យូរ អង្វែង ទម្រាំ បានជា សះ ស្បើយ ឡើង វិញ។ ជំងឺមិនឆ្លងដ៏ ធំ ចម្បង គេ មាន បួន គឺ ជំងឺ មហារីក ជំងឺ សរសៃ ឈាម បេះដូង ទឹកនោមផ្អែម និង ជំងឺ ផ្លូវដង្ហើម រ៉ាំរ៉ៃ។ វិបត្តិ ផ្លូវចិត្ត បញ្ហា ខួរក្បាល ក៏ ចាត់ បញ្ចូល ជា ជំងឺមិនឆ្លង ដែល កំពុង មាន កំណើន ខ្លាំង ដែរ។ ជំងឺ ក្រពះ ពោះវៀន ជំងឺ ថ្លើម ជំងឺ វង្វេង វង្វាន់ ក្រលៀន តម្រង នោម និង អត្តឃាត ក៏ ស្ថិត ក្នុង ចង្កោម ជំងឺ មិន ឆ្លងធំៗ ១០ ដំបូង គេ ដែរ។ ដោយ លម្អិត ជំងឺ មហារីក បាន កើនស្ទើរ ទ្វេដង នៅទូទាំងពិភពលោក ជាពិសេស ក្នុង ចំណោម អ្នកជំងឺ ក្មេង អាយុ ក្រោម ៥០ឆ្នាំ។ កម្ពុជា ជា ឧទាហរណ៍ ពិតៗ ដោយ មានអត្រា អ្នក កើត ជំងឺ មហារីក កើនឡើង ដល់ទៅ ៨៧,៤២%នៅឆ្នាំ ២០២៤ជាមួយ នឹ ង អត្រា មរណៈ ខ្ពស់ ខ្លាំង ដល់ ទៅ ជាង ៧០% ឬបើ គិត ជា ចំនួន មាន ស្លាប់ ជាមធ្យម ៣៨នាក់ ក្នុងមួយថ្ងៃៗ។ នេះ បើ តាម ស្ថិតិ របស់ ក្រសួង សុខាភិបាល កម្ពុជា។ ចំណែកជំងឺ ទឹកនោម ផ្អែម បានកើន ឡើង ៥៩% នៅឆ្នាំ២០២៤បើប្រៀប ទៅ នឹង ឆ្នាំ ២០២៣។ សន្ទុះដ៏ ខ្លាំង ហួសនិស្ស័យ និង គួរ ឱ្យ ភ្ញាក់ផ្អើល បំផុត គឺករណីជំងឺ ផ្លូវ ចិត្ត។ Le petit Journal Cambodge បាន ចុះ ផ្សាយ នៅ ថ្ងៃទី ៦ ឧសភា ២០២៥ ថា មាន អ្នក ជំងឺ ផ្លូវ ចិត្ត ចំនួន ជាង ២សែន ៨ម៉ឺន ករណីថ្មី នៅ ឆ្នាំ ២០២៤។ ជំងឺមិនឆ្លង គួរ ជា ទី ព្រួយ បារម្ភ មួយ ទៀត ទាក់ទង ជំងឺសរសៃ ឈាម បេះដូង (ជំងឺ លើស ឈាម) បាន កើន ឡើង ២១,៤%។ នេះ បើ តាម ប្រភព ដដែល។ តើ មាន កត្តា អ្វី ខ្លះ ដែល ជំរុញ ឱ្យ មានករណី ជំងឺ មិន ឆ្លង កើន ឡើង យ៉ាង ខ្លាំង ដូច្នេះ? កុមារ មនុស្សធំពេញ កម្លាំង មនុស្ស ចាស់ ប្រឈម នឹង កត្តាហានិភ័យ នៃ ជំងឺ មិន ឆ្លង ដូច គ្នា។ កត្តា ហានិភ័យ នាំ ឱ្យ កើត ជំងឺ មិន ឆ្លង មានច្រើនយ៉ាង៖ ទីមួយ ឥរិយាបថនៃ ការរស់ នៅ ។ ការ ជក់ បារី ស្រូប ផ្សែងបារី ពីគេ របៀបរបប ហូប ចុក ប្រចាំ ថ្ងៃ (ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក) ផឹកស្រាហួសហេតុ និង កង្វះ សកម្មភាពផ្លូវកាយ សុទ្ធសឹង ជា កត្តា ហានិភ័យ បង្កើន គ្រោះ កើតជំងឺ មិន ឆ្លង ហើយ។ ទីពីរ គឺ កត្តា មេតាបូលិក។ របប អាហារ មិន ល្អ និង ភាព អសកម្ម មិន បញ្ចេញ ចលនា កាយ សម្បទា អាច ជំរុញ ឱ្យលេច ឡើងនូវ អាការៈ លើសឈាម (មាន សម្ពាធ ឈាមខ្ពស់) លើស ជាតិ ស្ករ លើស ជាតិ ខ្លាញ់ និង ឡើង ធាត់ ជ្រុល ចុក ខ្លាញ់។ អាការៈ ទាំងអស់ នេះ ជា កត្តាហានិភ័យមេតាបូលិក ដែលនាំឆ្ពោះ ទៅ រក ជំងឺ សរសៃ ឈាម បេះដូង គ្រោះថ្នាក់ស្ទះឬ ដាច់ សរសៃ ឈាម ក្នុង ខួរក្បាល ឬ នៅបេះដូង។ កត្តា បរិស្ថាន ជា ពិសេសខ្យល់ពុលក្នុងបរិយាកាស និង ខ្យល់ពុល ក្នុង ផ្ទះ (ដែលបិទ ខ្ទប់ និង បំពុល ដោយ សារធាតុ គីមី គ្រប់ បែប យ៉ាង) ក៏ មាន ចំណែកបង្កើន គ្រោះ ហានិភ័យ កើត ជំងឺ មិន ឆ្លង ដែរ។ ក្នុង មួយ ឆ្នាំៗ ខ្យល់ ពុល បាន សម្លាប់មនុស្សប្រមាណជាង ៦លាន ៧សែន នាក់ ក្នុងនោះ ជាង ៥លាន៦សែន ស្លាប់ ដោយ ជំងឺមិន ឆ្លង បង្ក ឡើង ខ្យល់ពុល ក្នុង ទម្រង់ ជា ជំងឺគ្រោះថ្នាក់សរសៃ ឈាម ក្នុង ខួរក្បាល ជំងឺ បេះដូង ជំងឺ សួត រ៉ាំរ៉ៃ និង ជំងឺមហារីក សួត។ សរុប សេចក្តីមក ការ សិក្សា ច្រើន បានទម្លាក់ កំហុស ទៅ លើឥរិយាបថ និង អាកប្បកិរិយា នៃ ការ រស់ នៅសម័យ ទំនើប ថា ជា បុព្វហេតុ នាំ ឱ្យ មាន កំណើន នៃ ជំងឺ មិន ឆ្លង នៅ លើ ពិភពលោក និយាយ ជា រួម និង និយាយ ដោយ ឡែក នៅកម្ពុជា។ ទម្លាប់ រស់ នៅ មិន ល្អ ទាក់ទង នឹង ការ ជក់ បារី មាន អត្រា ប្រមាណ ២០%។ ថ្វីបើ មាន ការ ប្រយុទ្ធ ប្រឆាំង ខ្លាំង នឹង ការ ជក់ បារី ក៏ ដោយ ក៏ មនុស្សពេញ វ័យ ខ្មែរ ប្រមាណ ២០% បន្ត ជក់ បារី។ នេះ មិន រាប់ ការ ជក់ បារី អេឡិចត្រូនិក ដែល ពុំ ទាន់ មាន ការ សិក្សា ណា បញ្ជាក់ ឱ្យ បាន ច្បាស់ លាស់ អំពី គ្រោះថ្នាក់ ចំពោះ សុខភាព ផង។ ទម្លាប់ មិន ល្អ ទីពីរ ដែល របាយការណ៍ បាន ភ្ជាប់ ថា អាច ជា មូលហេតុ នាំ ឱ្យ មាន កំណើន ជំងឺ មិន ឆ្លង ច្រើន នោះ គឺ ការ ទទួលទាន អំបិលច្រើន ហួស កំរិត អនុញ្ញាតសម្រាប់ សុខភាព។ ជាមធ្យម ពលរដ្ឋ ខ្មែរ បរិភោគ អាហារ ប្រៃ ខ្លាំង ក្នុងបរិមាណ អំបិលប្រមាណ ៩,៥ក្រាម ជា មធ្យម ក្នុង មួយ ថ្ងៃ ពោល គឺច្រើន ជាង អនុសាសន៍ ណែនាំរបស់ អង្គការ សុខភាពពិភពលោក ដល់ ទៅ ជិត ពីរ ដង។ អំបិល ឬ ជាតិ ប្រៃ ជា ប្រភព សម្រួល ឱ្យ មាន ជំងឺ លើស ឈាម និង ជំងឺ មិន ឆ្លង ផ្សេង ទៀត។ តួលេខ បាន បង្ហាញ យ៉ាង ច្បាស់អំពី ឥទ្ធិពល នៃ ការ ទទួល ទាន ប្រៃ ចំពោះ កំណើន ជំងឺ មិន ឆ្លង ព្រោះ បើ តាម របាយការណ៍ មាន ពលរដ្ឋ ខ្មែរ ម្នាក់ ក្នុង ចំណោម ៥ នាក់ មាន អាការៈ លើស ឈាម ។ ធ្ងន់ធ្ងរ ជាង គេ គឺ ការ ទទួល ទាន សុរា។ មួយ ភាគបួន នៃ មនុស្ស ពេញ វ័យ ខ្មែរ បាន ប្រកាស ទទួល ស្គាល់ ដោយ ខ្លួ នឯង ថា បាន ផឹក ស្រា ស្រាបៀ ហួសហេតុ ។ អ្វី ជា ទម្លាប់ល្អ នៃ ការ រស់ នៅ? ថ្វីបើ ជំងឺ មិន ឆ្លង ជា ជំងឺ ចម្រើន ទៅ តាម វ័យ ដោយ មនុស្ស ចាស់ ងាយ កើត ជំងឺ មិន ឆ្លង ច្រើន ជាងគេ មែន ប៉ុន្តែប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី គ្រប់ វ័យ រស់នៅក្នុង គ្រប់ តំបន់ គ្រប់ប្រទេស សុទ្ធ តែ អាច កើតជំងឺមិន ឆ្លង ទាំងអស់។ គេ អាច កាត់ បន្ថយ គ្រោះ ធ្លាក់ ខ្លួន មាន ជំងឺ មិន ឆ្លង បាន ដោយ លុប បំបាត់ កត្តា ហានិភ័យ ដូច បាន រៀប រាប់ មក ពី ខាង ដើមថា ជំងឺ មិន ឆ្លងជា លទ្ធផល នៃ ការ បូក ផ្សំ គ្នា រវាង ឥរិយាបថ នៃការ រស់ នៅ ហ្សែនពីកំណើត សរីរៈ និង បរិស្ថាន នៅជុំ វិញ ខ្លួន។ តែ កត្តា ដ៏ ចម្បង បំផុត ហើយ អាច ប្តូរ ផ្លាស់ បាន នោះ គឺ របៀបរបប រស់ នៅ។ តាម រយៈ ការ ប្តូរ ផ្លាស់ ទម្លាប់ រស់ នៅ ដែល កត្តា ហានិភ័យ ចម្បងបំផុត នៃ ជំងឺ មិន ឆ្លង គេ អាច បញ្ចៀស ជំងឺ បេះដូង ជំងឺ សរសៃ ឈាម បេះ ដូង និងបញ្ចៀស គ្រោះថ្នាក់សរសៃ ឈាម ក្នុង ខួរក្បាល ស្ត្រូប បាន ៨០% និង បញ្ចៀស ជំងឺ មហារីក មុន កាល (នៅក្មេងក្រោមអាយុ៥០ឆ្នាំ) បាន ប្រមាណ ពី ៣០ទៅ ៥០%។ ទម្លាប់ ល្អ នៃ ការ រស់ នៅ ៖ មាន របប អាហារ ត្រឹម ត្រូវ ចម្រុះ និង ប្លែកៗគ្នា ជា បន្លែ ផ្លែឈើ ផ្លែ មាន សម្បក រឹង សណ្តែក ធញ្ញជាតិ។ ទទួល ទាន បន្លែ និង ផ្លែឈើ តាមរដូវ តាម តំបន់ យ៉ាងហោច បួន ខាំ ក្នុង មួយ ថ្ងៃ។ បន្ថយ ការ បរិភោគ ស្ករ ជាតិ ផ្អែម ខ្លាញ់ និង ពិសេស កំរិត ការ បរិភោគ អំបិល យ៉ាង ច្រើនបំផុត ត្រឹម ៥ ក្រាម ក្នុង មួយ ថ្ងៃ។ ចៀសវា ង ការ បរិភោគម្ហូប អាហារ កែច្នៃ ម្ហូបអាហារ ឧស្សាហកម្ម និង ភេសជ្ជៈ ផ្អែម ដែល ការ ស្រាវជ្រាវ បាន បង្ហាញ យ៉ាង ច្បាស់ ថា អាច នាំ ឱ្យ មាន ជំងឺ មហារីក។ អាល់កុល សុរា ស្រាបៀ ក៏ ជា ភេសជ្ជៈ ត្រូវ ចៀសវាង ឬ ទទួលទាន ប្រកប ដោយ ទំនួល ខុស ត្រូវ បំផុត ព្រោះ សូម ចង ចាំ ថា គ្មាន ទេ កំរិត អប្បបរិមា នៃ ជាតិ សុរា សម្រាប់ សុវត្ថិភាព សុខភាព នោះ។ ជា ចុងក្រោយ សូម កុំ ភ្លេច ធ្វើ កីឡា ហាត់ ប្រាណ ធ្វើ ចលនា កាយ សម្បទា។ បើ តាម អនុសាសន៍ របស់ អង្គការ សុខភាពពិភពលោក ក្មេង អាយុ ពី ៥ ទៅ ១៧ឆ្នាំ ត្រូវ ធ្វើ សកម្មភាពកាយ សម្បទា ល្មមៗ ទៅ ខ្លាំង រយៈ ពេល ៦០នាទី ក្នុង មួយ ថ្ងៃ។ មនុស្សធំ ពេញ វ័យ (១៨ទៅ ៦៤ឆ្នាំ) ត្រូវ បញ្ចេញ ចលនា ល្មមៗ ពី ១៥០ទៅ ៣០០នាទី ឬ លំហាត់ ប្រាណបែប ប្រឹង ពី៧៥ទៅ ១៥០នាទី ក្នុង មួយថ្ងៃ៕

អ្នក ពុលឡានខ្លាចណាស់ ការ ធ្វើ ដំណើរ ។ ការ ដើរ សម្រាក កំសាន្តវិស្សមកាល អាច ក្លាយ ជា ទណ្ឌកម្ម ព្រោះ នៅ ពេល ជិះ ឡាន អ្នក ពុល អាច មានអាការៈ មិនស្រួល ខ្លួន វិលមុខ ចង់ ក្អួត ចង្អោរ ឬ បែកញើស ស្អិត ។ល។ និង។ល។ ហេតុអ្វី បាន ជា គ្រាន់ តែ ជិះក្នុង ឡានសោះ ក៏ ពុល ដែរ? តើមានវិធីបង្ការ និង ប្រយុទ្ធ ប្រឆាំងការ ពុលឡាន ដែរ ឬទេ? គ្រាន់ តែឮ ថា ត្រូវ ធ្វើ ដំណើរ ឆ្ងាយ ដោយ ជិះ រថយន្ត ជិះយន្តហោះ ឬ ជិះកប៉ាល់ អ្នកខ្លះ ព្រួយ ខ្វល់ ឡើង ឈឺជា មុនស្រេច ទៅ ហើយ ។ អ្នក ខ្លះ ទៀត សុខ ចិត្ត នៅ ផ្ទះ មិន ធ្វើ ដំណើរ តែម្តង ផង ព្រោះ ពួកគេ ជំងឺ ពុល ឡាន។ ហេតុអ្វី ពុលឡាន? កប៉ាល់ជា មធ្យោបាយ ធ្វើដំណើរ ដែល ផ្តល់ អាការៈ ពុល ខ្លាំង និង ច្រើន ជាង គេ។ ករណី ពុល ឡានមាន ច្រើន ជាង ករណី ពុល រថភ្លើង និង យន្តហោះ។ ជា ទូទៅ អាការៈពុលឡាន ច្រើនលេច ឡើង ជា ញឹកញាប់ ខ្លាំង លើ ស្ត្រី កុមារ អាយុ ពី ២ទៅ ១២ ឆ្នាំ ដែល នឹង ជា បាត់ ទៅ វិញ នៅ ពេលចម្រើន វ័យ កាន់ តែ ធំឡើង។ មនុស្ស ចាស់ អាយុ ចាប់ ពី ៥០ ឆ្នាំ ឡើង ទៅ ក៏ លែង សូវ ឬ កម្រ មាន អាការៈ ពុល ឡានណាស់។ អាការៈពុល មធ្យោបាយ ធ្វើ ដំណើរ ឬនិយាយ ឱ្យ ខ្លី ពុល ឡាន បណ្តាលមកពី ខួរក្បាល ទទួល ព័ត៌មាន ផ្ទុយ គ្នា ដោយ ភ្នែកមើល ឃើញផ្សេង ត្រចៀកស្តាប់ឮផ្សឹង និង អារម្មណ៍ ប្រាប់ ផ្សឹង។ ភ្នែក មើល ឃើញ ទៅ មុខ (កំពុង ធ្វើ ដំណើរ) តែ ខ្លួន នៅអង្គុយស្ងៀម អត់ មាន រង្គើដើរ សោះ។ ឧទាហរណ៍ នៅពេលជិះឡាន យើង អង្គុយក្នុង ឡាន ដែល កំពុង ធ្វើ ចលនា បើកទៅ មុខ ខ្លួន ប្រាណ ទាំង មូល នៅ នឹង ស្ងៀម ប៉ុន្តែ ភ្នែក មើល ឃើញ វត្ថុ មាន ចលនា ។ ខ្លួន យើង មាន លំនឹង សុខស្រួល អាច ដើរ ឈរអង្គុយ បាន ដោយ សារ តែមាន កិច្ចសហការ គ្នា ល្អ រវាង ប្រព័ន្ធ វិញ្ញាណ គឺ ប្រព័ន្ធ កាយ វិញ្ញាណ សោតវិញ្ញាណ និងចក្ខុវិញ្ញាណ ពោលគឺ បាតជើង ត្រចៀក ភ្នែក។ ខួរក្បាល វិភាគជាប្រចាំ រាល់ គ្រប់ ទិន្នន័យ ផ្តល់ ដោយ វិញ្ញាណ ទាំងអស់របស់ សរីរាង្គកាយ រួច បញ្ជា ឱ្យ មានការ សម្រប ខ្លួន ទៅ តាម ស្ថានការណ៍ នីមួយៗ។ ប៉ុន្តែ ពេល ជិះឡាន ឬ ជិះ ទូក (កប៉ាល់) ភ្នែក មើល ឃើញ ទេសភាព ដើរ តែ បាត ជើង ខ្លួន ប្រាណ និង ប្រព័ន្ធ ត្រចៀក ខាង ក្នុង មិនសម្គាល់ ឃើញ មាន ចលនា សោះ។ ផ្ទុយ ទៅ វិញ នៅក្នុង យន្តហោះ ត្រចៀក និង សាច់ ដុំ (ប្រព័ន្ធកាយវិញ្ញាណ )ចាប់ អារម្មណ៍ ដឹងថា មានចលនា ញ័រ អង្គុយលើ របស់ កំពុង ហោះហើរ តែ ភ្នែក មើល មិន ឃើញជើង មេឃ ពុំ ឃើញ មានអ្វី ប្តូរ ផ្លាស់ រង្គីរង្គើ ទៅ មុខ សោះ។ ការ បញ្ជូន និង ដឹង ព័តមានខុស គ្នា បែប បញ្ច្រាស បណ្តោយ គ្នា រំខានណាស់ ដល់ ខួរក្បាល និង ធ្វើ ឱ្យ ខួរក្បាលមិន អាច វិភាគថា តើ យើង កំពុង មាន សកម្មភាព អ្វី ឱ្យប្រាកដ ទើបធ្វើ ឱ្យ យើង មាន អារម្មណ៍ មិន ស្រួល ខ្លួន រក កល ចង់ ក្អួត ចង់ចង្អោរ ឈឺក្បាល ឬនិយាយ ឱ្យ ខ្លី គឺ មានអាការៈ ពុល ល្ងាក់ល្ងើ ។ ដូច្នេះមនុស្ស ណា ក៏អាចពុល ដែរនៅ ពេលធ្វើ ដំណើរ ជិះឡាន ជិះ យន្តហោះ ជិះ រថភ្លើងឬ ជិះទូក ឬ ជិះ គ្រឿង ហោះ គ្រឿង វិល ។ គ្រាន់ តែ អ្នកខ្លះមាន ញាណ រសើប ខ្លាំង ខ្លះមិន សូវ។ ឯ ទារកអាយុ ក្រោម ២ ឆ្នាំ កម្រពុល ឬ សឹង មិន ចេះ ពុល សោះ ក៏ ព្រោះ តែ ខួរក្បាល នៅ ខ្ចីពេក មិន ទាន់ ថត ផ្តិត ចាំ អំពី ទំនាក់ទំនង រវាង ភ្នែក ត្រចៀក និងចលនា។ អាការៈ សញ្ញាពុល មធ្យោបាយ ធ្វើ ដំណើរ មាន ច្រើន យ៉ាង និងបន្តបន្ទាប់ គ្នា ដោយ ចាប់ ផ្តើម ដំបូងតិចៗ រួច បន្ត ឡើង ខ្លាំងជាលំដាបនិង ធ្ងន់ធ្ងរឡើងៗ ប្រសិនបើ ចលនាដែលនាំ ឱ្យ ពុលមិន ព្រម ឈប់។ រោគសញ្ញាពុល ឡាន អាចជា - អាការៈវិលមុខ មានអារម្មណ៍ ធ្ងន់ក្បាល ល្ងាក់ល្ងើ បាត់ លំនឹង - មាន អារម្មណ៍ ចង់ ក្អួត- ក្អួត- ឈឺក្បាល- ឡើង ស្លេក- បែក ញើស- អស់ កម្លាំង។ ជាទូទៅ អាការៈពុល ឡាន នេះ នឹង បាត់ ទៅ វិញ នៅប្រមាណ ២០នាទី ក្រោយ ឬ ទាល់ តែ ជើង បាន ជាន់ ប៉ះដី បើ និយាយ តាម ក្រុម អ្នក ដើរ ទូក។ ផ្ទុយទៅ វិញ បើ ជា អាការៈពុលឡានធ្ងន់ធ្ងរ អ្នកជំងឺ ត្រូវការ ពេល ដល់ ទៅ ២៤ ម៉ោង ទើប ស្រួល ខ្លួន ឡើង វិញ។ តើ មាន វិធី ព្យាបាល និង បង្ការ អាការៈ ពុល ឡាន ដែរឬទេ? ដើម្បី ប្រយុទ្ធប្រឆាំងនឹងអាការៈ ពុលឡាន ថ្នាំ ពេទ្យ ក៏ មាន វិធី បែប ធម្មជាតិ ក៏ មាន។ ថ្នាំ បំបាត់ ការ ពុល ឡាន មានច្រើន ប្រភេទ ណាស់ ដោយ អាច ជា ថ្នាំ ទប់ កុំ ឱ្យមានអាការៈ ចង់ ក្អួត ល្ងាក់ល្ងើ ឬ ថ្នាំ សម្រាប់លេប ពេល ក្អួត ពុល ឡាន ហើយ។ ប៉ុន្តែ ថ្នាំ ពុល ឡាន ក៏ ដូច ជា ថ្នាំ ផ្សេង ទៀត ដែរ មិន ត្រូវ លេបច្របល់ ចូល គ្នា ច្រើន មុខ ទេ។ មិន ប្រាកដ ថា មាន ប្រសិទ្ធភាព ថ្នាំពុលឡានសុទ្ធ តែ អាចផ្តល់ ផលរំខាន ដូច ជា ងងោកងងុយ ឬស្ងួត មាត់។ វត្ថុ និង របស់របរ ប្លែកៗ ជា ខ្សែ ពាក់ ដៃ ឬ ការ ចាក់ ម្ជុលវិទ្យាសាស្ត្រ គ្មាន ប្រសិទ្ធភាព តាម បែប វិទ្យាសាស្ត្រ ទេ។ តែ ការ សិក្សា ជា ច្រើន បាន បង្ហាញ អំពីផល ល្អ នៃ ក្បួន ឬ វិធី បែប ធម្មជាតិ ដោយ ហិត ប្រេងជីរអង្កាម ប្រភេទ Menthe-Poivrée (តែ ប្រយ័ត្ន កុំ ឱ្យ ក្មេង ក្រោម ៧ ឆ្នាំ ប្រើ)។ ប្រេង ឬ ទឹក ខ្ញី ទំនង ជា បាន ទទួល ការ គាំទ្រ ជាងគេ និង បានទទួលការណែនាំ ពីគ្រូពេទ្យ ជំនាញ ឱ្យ ស្ត្រី មានផ្ទៃពោះពិសា ជា កិច្ចការពារ បង្ការ ដើម្បី កុំ ឱ្យ ក្អួត។ ហើយថ្មីៗនេះ អ្នក ស្រាវជ្រាវជប៉ុន បាន រក ឃើញ ដំណោះស្រាយ ថ្មី មួយ ទៀត នោះ គឺ ការ ស្តាប់ សូរ សំឡេង ។ ឱសថទិព្វ បំបាត់ អាការៈ ពុលឡាន ប្រហែល ស្ថិត នៅក្នុង ត្រចៀក របស់ យើង។ បើ តាម ការ សិក្សា ជប៉ុន គ្រាន់ តែ ស្តាប់ ស្នូរ សំឡេង កំរិត ១០០HZ មួយ នាទី មុន ឡាន ចេញ អាច គ្រប់ គ្រាន់សម្រាប់ បញ្ចៀស អាការៈ ពុល ឡាន បាន ហើយ ព្រោះ ការ ពុល ឡាន ដូច បាន ពន្យល់ ពី ខាង ដើម គឺ បណ្តាលមក ពី ផ្នែកពីរ នៃ សរីរាង្គកាយ យើង ទទួល ព័ត៌មាន បញ្ច្រាស គ្នា។ ខាង ភ្នែក ចាប់ រូប មាន ឃើញ មាន ចលនា ឯ ម្ខាង ទៀត ក្នុង ត្រចៀក ចាប់ សញ្ញា ថា ខ្លួន ប្រាណ អង្គុយស្ងៀម លើ កៅអី ទើប ខួរក្បាល ច្របូក ច្របល់ ហើយ បង្ក ឱ្យ មាន អារម្មណ៍ មិន ស្រួល ខ្លួន ចង់ ក្អួត ចង់ចង្អោរនោះ។ ដើម្បី អាច សម្រេច លទ្ធផល គួរ ជា ទី សង្ឃឹម នេះ អ្នក វិទ្យាសាស្ត្រជប៉ុន បាន ធ្វើការ សាកល្បង ឱ្យ កណ្តុរ ស្តាប់ស្នូរ សំឡេងរយៈ ពេល ៥ នាទី រួច យក កណ្តុរ ទាំងអស់ នោះ ទៅ ដាក់ ក្នុង ប្រអប់ មួយ ដោយ ក្រឡុក របៀប ដូច ចលនា ចលនា ឡាន រលាក់ បើក ទៅ មុខ ។ ក្រោយ មក អ្នក ស្រាវជ្រាវបាន ធ្វើ តេស្ត វាស់ លំនឹង ដោយ ឱ្យ កណ្តុរ ដើរ លើ ធ្នឹម តូចមួយ។ ជា លទ្ធផល កណ្តុរ ដែល បាន ស្តាប់ សំឡេង មិន បាត់ បង់ លំនឹង ដូច សត្វ កណ្តុរ ដែល មិន បាន ស្តាប់ ស្នូរ សំឡេងទេ។ ចំពោះ មនុស្ស វិញ អ្នកដែល ធ្លាប់ តែ ពុល ឡានរាល់ លើក ស្រាប់ តែ មាន អាការៈ មិនសូវ ល្ងាក់ល្ងើ មិនសូវ ធីងធោង មិន សូវចង់ ក្អួត នៅ ក្នុង ពេល ពិសោធន៍ ដែល តម្រូវ ឱ្យ ទៅ ជិះទោង ទៅ អង្គុយ ក្នុង ម៉ាស៊ីន រៀនបើក ឡាន និង ជិះឡាន មែនទែន ក្រោយ ពី បាន ស្តាប់ ស្នូរ សំឡេង កំរិត ១០០អ៊ែក រយៈ ពេល មួយ នាទី។ គ្រប់ អ្នក ចូល សាកល្បង សុទ្ធ តែអះអាង ថា មាន ពុំ សូវ មាន អាការៈ ពុល ឡាន ដូច មុន ទេ។ នេះ ជា ក្តី សង្ឃឹម ថ្មី ដ៏ ធំធេងណាស់ បើ ទោះបី ជា អ្នក ស្រាវជ្រាវត្រូវ ការ សិក្សា វិភាគ បន្ថែម ឱ្យ បាន កាន់ តែ ទូលំទូលាយ មែនទែន ដើម្បី បញ្ជាក់ អំពី ប្រសិទ្ធភាពពិត នៃ របក គំឃើញ ថ្មី ក៏ ដោយ។ អនាគត ទៅ គេ អាច នឹង បង្កើត កម្មវិធី ដាក់ ក្នុង ទូរស័ព្ទ ចល័ត ឬ បញ្ចូល ស្នូរ សំឡេង បំបាត់ ការ ពុល ឡាន នៅក្នុង កម្មវិធី ចម្រៀង របស់ ឡាន ចាក់ លាន់ ឮ ឡើង មុន បញ្ចេះ ឡាន បើក ទៅ។ ក្នុង ពេល រង់ ចាំ លោក អ្នក នាង ក៏ អាច ចាប់ ផ្តើម ស្តាប់ សំឡេង នេះ ដើម្បីដក ពិសោធន៍ របក គំឃើញ របស់ អ្នក ស្រាវជ្រាវជប៉ុនថា តើ មាន ប្រសិទ្ធភាព ចំពោះ រូប លោក អ្នក ផ្ទាល់ តែ ឬអត់។ បើ ពុំ ដូច្នេះ ទេ ដើម្បី កំរិត និង កាត់ បន្ថយ អាការៈ ពុលមធ្យោបាយ ធ្វើ ដំណើរ មាន អនុសាសន៍ មួយ ចំនួន ដែល លោក អ្នក គួរ អនុវត្ត នោះ គឺមិន ត្រូវ បរិភោគ អាហារ ឱ្យ ឆ្អែត ពេក ទេ ពេល មុន ចេញ ដំណើរ តែ ក៏ មិន ត្រូវ ប្រឹង អត់ ពោះ ទទេដែរ។ ការ ឃ្លាន និង ការអស់ កម្លាំងជា កត្តា ដែល អាច នឹង ជំរុញ ឱ្យ មាន អាការៈសញ្ញា រោគ ពុលឡាន កាន់ តែ ខ្លាំង។ ដូច្នេះ សម្រាប់អ្នក ធ្លាប់ពុល ឡាន ក៏ ដូច ជា អ្នក មិន ធ្លាប់ ពុល គួរ តែ សម្រាកសម្រាន ឱ្យ ពេញ លេញ នៅ ពេល យប់ មុន ធ្វើ ដំណើរ និង បរិភោគ អាហារ ឱ្យ បាន ត្រឹម ត្រូវ ។ ផ្ទុយទៅ វិញ ការ ជក់ បារី ការ ផឹក សុរា ចំណែក ប្រភេទ អាហារ គួរ ទទួល ទាន សូម ជ្រើសរើស អាហារ គោក រឹង ជា ជាងអាហារ ទឹក អាហាររាវ។ ពេល ចូល អង្គុយក្នុង ឡាន សូម អង្គុយ ដោយ ដាក់ ក្បាល ឱ្យ បាន ត្រង់តពី ខ្នង មើល ទៅ មុខ ត្រង់ ឬ ផ្តោត ចក្ខុ ឱ្យ ចំ តែ វត្ថុ អ្វី មួយ និងឧស្សាហ៍ ធ្វើ លំហាត់ បន្ធូរ អារម្មណ៍ ដោយ ដក ដង្ហើមវែងៗ។ សូម កុំ មើល អេក្រង់ ទូរស័ព្ទ ឬ សៀវភៅ ពេល កំពុង ជិះ។ សូម ជ្រើសរើស កន្លែង អង្គុយ ណា ដែល នឹង ល្អ បើ នៅក្នុង ឡាន កៅអី ខាង មុខ ក្បែរ អ្នក បើក ល្អជាង គេ សម្រាប់អ្នក ពុលឡាន។ បើ ជិះទូក សូម រើស កៅអី កណ្តាល ។ បើ អាច សូម ឧស្សាហ៍ ឈប់ សម្រាក រួច ចុះ ដើរ បន្តិច ដើម្បី ស្រូប ខ្យល់ បរិយាកាស ខាង ក្រៅ ដែល អាច ជួយ បំបាត់ អាការៈ ពុល ឡាន បាន លឿន រហ័ស៕

ឆុង បរិភោគ បាន ភ្លាម មិន ថ្លៃ ហើយ ឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះ មិន សូវល្អ ទេ។ តើ មី កញ្ចប់ នេះ មាន ផ្ទុក សារធាតុ អ្វី ខ្លះ ? តើ គេ អាចបរិភោគ មីកញ្ចប់ នេះ ដោយ គ្មានបារម្ភ គិត ដល់ហានិភ័យ សម្រាប់ សុខភាពដែរឬទេ? មិន ថា ជា ផលិតផល របស់ ចិន វៀតណាម ជប៉ុន កូរ៉េ ឬ ថៃ ទេ មីកញ្ចប់ អាច ជាអាហារ សម្រន់ អាហារ ថ្ងៃ ត្រង់ ឬល្ងាច យ៉ាង ស្រួល សម្រាប់ អ្នកមាន ការងារ រវល់ ច្រើន ឬ សម្រាប់ អ្នក ខ្សត់ លុយកាក់។ ថែម តែ ទឹក ក្តៅ ដាំពុះហើយ រង់ចាំ ពីរ បីនាទីជាការ ស្រេច ! ប៉ុន្តែ ក្នុងសម័យ ដែល គេចាប់ ផ្តើម យល់ និង គិត គូរដល់ គុណភាពអាហារ ដើម្បី ផ្តល់ លំនឹង ល្អ ដល់ សុខភាព ដោយផ្តល់ តម្លៃ ដល់ អាហារ បែប ធម្មជាតិ ឬ អាហារ សរីរាង្គ ១០០% មីកញ្ចប់ ដែល មាន លក់ ពេញ ពិភពលោក ក្នុង ទម្រង់ និង រសជាតិផ្សេងៗ ច្រើនយ៉ាងនោះ កំពុង ក្លាយ ជា ផ្ទាំង ស៊ីប នៃការវាយប្រហារ របស់ ក្រុម អ្នក ការពារ គុណភាព និង សុវត្ថិភាពចំណី អាហារ យ៉ាង ខ្លាំង នៅក្នុងប្រទេស បារាំង។ តាម ទស្សនៈ នេះ មីកញ្ចប់ ត្រូវ បានគេ ចាត់ទុក ជា អាហារ ដ៏ គ្រោះថ្នាក់ ដោយ សារ មូលហេតុ ច្រើន យ៉ាង។ នៅ លើ កញ្ចប់ បើ តាម រូប និង ការ រាយ ឈ្មោះ បញ្ជីគ្រឿង ផ្សំ គេ សង្កេត ឃើញ ថា មី មួយ កញ្ចប់ អាច បរិភោគ ជា អាហារ បានមួយ ពេល ប្រកបដោយ លំនឹង ព្រោះមានផ្ទុកជាតិ ក្លុយស៊ីត ដែល ផ្តល់ ដោយ សរសៃ មី និងប្រូតេអ៊ីន ផ្តល់ដោយ សាច់ ដូច ជា មី សាច់ជ្រូក សាច់មាន់ ឬ សាច់គោ។ ប៉ុន្តែ បើ គេ វិភាគ ឱ្យ បាន ល្អិត ល្អន់ និង មើល តារាង អាហារូបត្ថម្ភ លើ កញ្ចប់ មីវិញ គឺ ខុស គ្នាស្រលះ។ ជា ឧទាហរណ៍ មីឆុង មួយ កំប៉ុង រសជាតិ សាច់គោ ម៉ាក Teppanyaki របស់ ជប៉ុន មាន ផ្ទុក ជាតិ ក្លុយស៊ីត តែ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់ មីក្រៀម ១០០ក្រាម។ នៅពេល ចាក់ ទឹក ក្តៅ ចូល ទៅ មីរីកឆ្អិន អាច ទទួល ទាន បាន ជាតិ ក្លុយស៊ីតបានឡើង ដល់ ៣៦ក្រាម និង ៧ក្រាម ប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការ ប្រៀបធៀប ញ៉ាំមីឆុង មួយកញ្ចប់ គឺ ស្មើ នឹងបរិភោគ នំប៉័ងមួយ ដុំ ៨០ក្រាម ហើយស្ទើរ គ្មាន ជាតិ ប្រូតេអ៊ីន សម្រាប់ចិញ្ចឹម សរីរាង្គកាយ សោះ។ ចំណែក បន្លែ វិញ កញ្ចប់មី ខ្លះ គ្មាន ជាតិ បន្លែសោះ មី ម៉ាកខ្លះ មានដាក់ បន្លែការ៉ុតមួយភាគរយ ឬ ស្លឹកខ្លឹម ០,៤% ដែ លបើ គិត ជា ក្រាម គឺ ការ៉ុត ៣,៦ក្រាម ស្លឹកខ្ទឹម ១,៤ក្រាម។ កាន់ តែអាក្រក់ ខ្លាំង ទៅ ទៀត បន្លែ ដ៏ តិចតួច បំផុត នេះ មានទម្រង់ ជាបន្លែ សម្ងួតដែល បាត់ បង់ ស្ទើរ អស់ វីតាមីន និង អាហារូបត្ថម្ភ។ ដូច្នេះ មី កញ្ចប់ មិនមែន ជា អាហារ ប្រកបដោយ លំនឹង អាច ជំនួស បាយ ម្ហូប មួយ ពេលបាន ទេ។ អ្នក ជំនាញ ផ្នែក អាហារូបត្ថម្ភ បារាំង បានហៅ មីឆុង ថា ជា អាហារ ដែល ផ្តល់កាឡូរី ប្រហោង បរិភោគ ចូលទៅ ឆ្អែត ពេញ ពោះ តែ គ្មាន ផ្តល់ជីវជាតិ គ្មាន វីតាមីន អាហារចិញ្ចឹម ទេ។ ងាយ ស្រួល ធ្វើ មែន តែមីឆុង ជាផលិតផលអាហារ ដែល គួរ ជ្រើសរើស ទទួលទាន ដោយប្រុង ប្រយ័ត្ន បំផុត ព្រោះ គ្មាន គុណភាព ផ្នែក អាហារូបត្ថម្ភ ហើយ មានបង្កប់ គុណវិបត្តិ ជា ច្រើន ផ្សេង ទៀតណាស់។ គ្រឿង ផ្សំ ជា សារធាតុគីមីគ្រោះថ្នាក់ គ្មានវីតាមីន គ្មានជីវជាតិ ផ្នែកអាហារូបត្ថម្ភ ទេ ប៉ុន្តែតើ លោក អ្នក មាន ចាប់ អារម្មណ៍ ទេ ថា ហេតុអ្វី បាន ជា មីកញ្ចប់ មាន រសជាតិ ឆ្ងាញ់ ឆ្ងាញ់ ជាប់ មាត់យ៉ាង ចម្លែក បាន ញ៉ាំម្តង ហើយហាក់ ចង់ ញ៉ាំ ទៀត សឹងដូច ញៀន ?! នេះ គឺ បណ្តាល មក ពី មីកញ្ចប់ ភាគ ច្រើន មាន ផ្ទុកសារធាតុ គីមី សិប្បនិម្មិត សម្រាប់ លើក ក្លិន និងដំឡើង រសជាតិ ឱ្យ កាន់ តែ ឆ្ងាញ់ ខ្លាំង ដោយ ទៅ ភ្ញោចប្រព័ន្ធ ប្រសាទ អារម្មណ៍ ឱ្យ ចង់ តែ បរិភោគ។ ដើម្បី ឱ្យ មី កញ្ចប់ មាន រសជាតិ ដូចអាហារ ជប៉ុនពិតៗ អ្នក ផលិត បាន ដាក់ បន្ថែមនូវ រសជាតិ ក្លិនសិប្បនិម្មិត។ ហើយ ម៉ាក ខ្លះ ខំ អួត អាង ថា គ្មាន ប្រើ សារធាតុ គីមី Monosodium de glutamate ប៊ីចេង ទេ តែ បែរ ជា ប្រើ សារធាតុ គីមី លើក រសជាតិ ម្យ៉ាង ទៀត មិនសូវ ល្បី ឈ្មោះ 5’-ribonucléotide disodique ដែល ខ្លាំង ជាង ប៊ីចេងធម្មតា (Glutamate)ដល់ ទៅ ៤ទៅ ១០ដង។ បើ តាម វេបសាយ លក់ផលិតផលគីមី សារធាតុ ផ្សំបន្ថែម ដាក់ ក្នុងមី កញ្ចប់ 5’-ribonucléotide disodique ត្រូវ បាន គេ ចាត់ទុក ជា រសជាតិ ទី៥ គឺរសជាតិ Umami។ រសជាតិ ដើម ដែល មនុស្ស លោក ស្គាល់ កន្លង មក គឺ ប្រៃ ផ្អែម ជូរ និង ចត់ឬល្វីង។ ឯ Umami ជា រសជាតិ ដែល ទើប រក ឃើញ និង មាន ប្រភព មក ពី ប្រទេស ជប៉ុន ឬ និយាយ ឱ្យ ចំ ជា ប្រៃឆ្ងាញ់របស់ ប៊ីចេង។ ដាក់ រសជាតិ នេះ ចូល គេ អាច កាត់ បន្ថយ បរិមាណ សាច់ និង បិទ បាំង រសជាតិដើម ធ្វើ ឱ្យ អាហារ មាន ឱជារស ឆ្ងាញ់ ទាំង មិន សូវ ដាក់ សាច់ ដាក់ បន្លែ។ ពោលគឺ ប៊ីចេង ឬ សារធាតុ គីមី ដំឡើង រសជាតិនេះ មិនត្រឹម តែ ជួយ ឱ្យ អាហារ កាន់ តែឆ្ងាញ់ កាន់តែ មានជាតិ ទេ តែ វា អាច បំភាន់ អណ្តាត ប្តូរ រសជាតិ ដោយ បង្កើន ជាតិ ផ្អែម និងរស ជាតិ ទី ៥ ហើយ កាត់ បន្ថយ ជាតិ ជូរចត់ល្វីង និង ជាតិ ប្រៃខះ ។ ការ ប្រើប្រាស់ សារធាតុ គីមីដំឡើង រសជាតិ បែប ប៊ីចេង មានលក្ខណៈចម្រូង ចម្រាសណាស់។ សម្រាប់ បណ្តាជន នៅ អាស៊ី ប៊ីចេង ជា គ្រឿង ផ្សំ ដែល ស្ទើរ មិន អាច ខ្វះ បាន ក្នុង ពេលធ្វើ ម្ហូប ប៉ុន្តែ សម្រាប់ ក្រុម អ្នក ប្រឆាំង ប៊ីចេង ជាប់ សង្ស័យ ថា ជា សារធាតុគីមី សូស្យូម ដែល អាច បង្កើន ហានិភ័យ មហារីក និង អាច បង្ក ឱ្យ មាន អាការៈ រោគ ឈឺក្បាល ឆួល ឡើង កម្តៅ ឬ ចុកទ្រូង។ គ្រោះថ្នាក់ ដ៏ ធំ មួយ ទៀតរបស់ ប៊ីចេង គឹ វាធ្វើ ឱ្យយើងបរិភោគអំបិល ហួស កំរិតសុខភាព។ កំរិត ជាតិអំបិលខ្ពស់ ប្រើ សារធាតុ គីមី លើក រសជាតិ ច្រើន មុខ និង ក្នុង បរិមាណច្រើន ដើម្បី បិទ បាំង ជាតិ ប្រៃហើយ មីកញ្ចប់ មានផ្ទុក ជាតិ សូស្យូម (អំបិល )ខ្ពស់ខ្លាំងទៀត។ ហេតុ ដូច្នេះ ហើយ បាន ជា ញឹកញយ បើ តាម តារាង រាយ គ្រឿង ផ្សំ មីមួយ កញ្ចប់ មាន ផ្ទុក ជាតិ សូស្យូម ៣,១ក្រាម ក្នុងមួយកញ្ចប់ ដែល ស្មើនឹង ពាក់កណ្តាល នៃ សេចក្តី ត្រូវការ ប្រចាំថ្ងៃ របស់ សរីរាង្គកាយ ។ មាន ជាតិ អំបិលសូស្យូមច្រើន និង ញឹកញយយូរពេកក្នុង ខ្លួន អាច ជា ដើមហេតុនាំឱ្យ មាន ជំងឺ សម្ពាធ ឈាម និង បញ្ហា តម្រងនោម។ ក្នុងមួយ ថ្ងៃៗ សរីរាង្គកាយ មនុស្ស ត្រូវការ អំបិល៥ទៅ៦ក្រាម។ នេះបើតាម អង្គការសុខភាពពិភពលោក។ ឯ ផល វិបាក ភ្លាមៗ យើង តែង មាន អារម្មណ៍ ស្រេក ទឹក ឬ ស្ងួត មាត់ ក្រោយការ បរិភោគ មី ឆុង ឬ ក្រោយ ទៅ បាយ ហាងដែល ធ្វើ ម្ហូប ដោយ ដាក់ម្សៅស៊ុប លើក រសជាតិ ប៊ីចេង ច្រើន ពេក។ ក្រៅ អំពីប្រៃ ខ្លាំង តែ បិទ បាំង ដោយ សារធាតុ គីមី បន្ថែម រសជាតិ មីកញ្ចប់ មាន ផ្ទុក ជាតិ អាស៊ីតខ្លាញ់ អាក្រក់ ដែល អាច បង្កើន គ្រោះ កើត ជំងឺឡើង ខ្លាញ់ ក្នុង ឈាមទៀត។ ជា ទូទៅ មីកញ្ចប់ មាន ផ្ទុក ជាតិ ខ្លាញ់ ចម្រាញ់ ចេញ ពី ដូង ប្រេង ជាតិ អាមីដុង កែច្នៃ ជាតិ ផ្សំ បន្ថែមក្នុង បរិមាណ ដ៏ ច្រើន ខ្លាំង ណាស់។ មិនតែ ប៉ុណ្ណោះ មី ឆុង ខ្លះ មាន ផ្ទុក ដល់ ទៅ ១៤ មុខ នូវ ជាតិ ឬ គ្រឿង ផ្សំ គីមី ដែល គេ ចាត់ ទុក ថា អាច បង្ក បញ្ហា ដល់ សុខភាព ឬ និយាយ ឱ្យ ចំ ជា គ្រឿង ផ្សំ ដ៏ គ្រោះ ថ្នាក់ និង ហាមឃាត់ ផង ព្រោះ វា ជា ភ្នាក់ងារ ជាប់ សង្ស័យ ថា អា ចបង្កឱ្យ មាន ជំងឺអាល់ឡែកហ្ស៊ី និង ជំងឺ មហារីក។ កាន់តែ គួរ ឱ្យ ភ្ញាក់ផ្អើល ទៅ ទៀត សារធាតុគីមី មាន ឈ្មោះ ថា BHQT (Butylhydroquinone) ចម្រាញ់ ចេញ ពី ឧស្សាហកម្ម ប្រេង កាត ក៏ មាន ប្រើ ជា ធាតុ ផ្សំក្នុងមីកញ្ចប់ ដែរ។ សារធាតុ គីមីនេះ ត្រូវ បាន គេ យកមក ប្រើដើម្បី អាច រក្សា ទុក ផលិតផលមី ឆ្អិន ស្រាប់ ឱ្យ បាន យូរ និង ក្នុង តម្លៃ ថោក បំផុត។ ជាតិគីមីប្រើសម្រាប់ រក្សាគុណភាពអាហារ បានយូរនេះ ដែល ជាប់ បម្រាមមិនឱ្យប្រើប្រាស់ នៅក្នុង ប្រទេស ខ្លះ ជា សារធាតុ ពិបាក រលាយ ណាស់សម្រាប់ ប្រព័ន្ធ រំលាយ អាហារ ។ ក្រពះ ពោះវៀន របស់ មនុស្សខ្លះ មិន អាច កិន បំប្លែង មី កញ្ចប់ នេះ បាន ទេ។ ឯថ្លើមក៏មិនអាច ស្រូប បំប្លែងជាតិ គីមី ដ៏ ច្រើននៅ ក្នុង សាច់ មី នេះ បាន ដែរ។ តែ ជាតិគីមី នេះអាចកម្ចាត់ បាក់តេរីល្អនៅក្នុង ពោះ ជា ហេតុ ធ្វើ ឱ្យយន្តការ រំលាយ អាហារ ត្រូវ រង ការ រំខាន ទើប ពេល បរិភោគមី ហើយ អ្នក ខ្លះ មាន អារម្មណ៍ នៅ ឆ្អល់ ពេញពោះ។ ជា ចុងក្រោយ សូម ប្រយ័ត្ន ចំពោះ កញ្ចប់ គ្រឿង និង ខ្លាញ់។ កញ្ចប់គ្រឿង ដ៏ តូច ស្ទើរមិនអាច ខ្វះបាន នេះ ជា ល្បាយ ប្រេង ស្ករពោត រសជាតិ ប៊ីចេង និង ជាតិ ដែល ហាមឃាត់ នៅក្នុងប្រទេស ខ្លះផង។ អ្នក ជំនាញ អាហារូបត្ថម្ភ បារាំង បាន ណែនាំ មិន ឱ្យ ប្រើ គ្រឿង មី នេះទេ។ បើ អ្នក ចង់ ពិសាមីឆុងម្តង ម្កាល ឬ មិន ដូច្នេះ ទេ សូម ដាក់ ជំនួស មក វិញនូវ បន្លែស្រស់ ឬ សាច់ ឬ ពង មាន់ ដើម្បី ដំឡើង រសជាតិ និង វីតាមីន។ នៅ ចំពោះ មុខ បរិមាណ ជាតិ អំបិល និង ខ្លាញ់ ដ៏ ខ្ពស់របស់ មី កញ្ចប់ អ្នក មាន ជំងឺ លើស ឈាម ជំងឺ សរសៃ ឈាម បេះ ដូង ឬ មាន បញ្ហា តម្រងនោម ព្រមទាំង ក្មេងៗ មិន គួរ បរិភោគ មីកញ្ចប់ ចទេ។ ការ សិក្សា របស់ Korean National Health and Nutrition Examination បាន បង្ហាញ ឱ្យ ឃើញ ថា ការ បរិភោគ លើស ពី ពីរ ដង ក្នុង មួយ សប្តាហ៍ មីកញ្ចប់ នឹង បង្កើន គ្រោះមាន បណ្តុំ រោគសញ្ញា មេតាបូលិក៦៨% ចំពោះ ស្ត្រី៕

ស្រាបៀរ ជា គ្រឿង ស្រវឹងដែល មនុស្ស បរិភោគ ច្រើន ជាង គេ បំផុត នៅលើ ពិភពលោក។ សូម្បី តែ នៅក្នុង ប្រទេស អ្នក ផលិត ស្រា ដូច យ៉ាង បារាំង ក៏ ប៊ីយ៉ែរ កំពុង ឡើង ប្រជាប្រិយភាព និង កំពុង ពេញ និយម ខ្លាំង ដែរ។ ប៉ុន្តែ ប៊ីយ៉ែរ ឬ ស្រាបៀរ សុទ្ធ តែ អាច បង្ក គ្រោះ ដល់ សុខភាព។ កាលពីថ្ងៃទី ៣១ មីនា ២០២៥ វិទ្យាស្ថាន នយោបាយ សាធារណៈអាស៊ីអាគ្នេយ៍ និង វិទ្យាស្ថានចក្ខុវិស័យ អាស៊ីអាគ្នេយ៍បាន ចេញ របាយការណ៍ បង្ហាញថាមួយភាគបួន នៃ យុវជន ខ្មែរ អាយុពី ១៥ទៅ ១៩ ឆ្នាំ ( ២៥ភាគរយ ) មាន ទម្លាប់ ផឹក គ្រឿង ស្រវឹង ជោគជាំលើសលុប។ ជាង នេះ ទៅទៀត មាន មនុស្ស ដល់ ទៅ ប្រមាណ ៦០% យល់ ថា ស្រាបៀរ ជាជម្រើស គ្រឿង ស្រវឹងដ៏ មាន សុវត្ថិភាព។ នេះបើ តាម របាយការណ៍ ដដែល។ ចុះ វេជ្ជសាស្ត្រ និងអ្នក ស្រាវជ្រាវផ្នែក វិទ្យាសាស្ត្រ សុខភាព យល់ យ៉ាងណា ទៅ វិញ ចំពោះ ស្រាបៀរនេះ ? មនុស្ស លោក បាន ស្គាល់ បាន ដឹង ចេះ ផលិត និង ទទួល ទាន ស្រាបៀរ តាំងពី ៧០០០ឆ្នាំ មុន គ្រឹស្តសករាជ ឯណោះ។ ក្នុង សម័យ បុរប្រវត្តិ ជនជាតិ អេហ្ស៊ីប ធ្លាប់ ប្រើស្រាបៀរ នេះ ជា ប្រាក់ សម្រាប់ ដោះដូរ ជា ប្រាក់បៀរវត្សរ៍ ឬ ជា ថ្នាំព្យាបាល ជំងឺ ផង។ ផលិត ចេញ ពីគ្រាប់ធញ្ញជាតិ ដូចយ៉ាង ស្រូវ សាឡី បច្ចុប្បន្ន ស្រាបៀរ បានក្លាយ ជា គ្រឿង ស្រវឹង ដ៏ ពេញ និយម និង ដ៏មានប្រជាប្រិយភាព ដែល មាន ទទួល ទានច្រើន ជាងគេ បំផុត នៅលើ ពិភពលោក។ សូម្បី តែ នៅក្នុង ប្រទេស ផលិតស្រា ដូច យ៉ាង បារាំង ក៏ ស្រាបៀរ មាន ចំណែក រួម តុ អមម្ហូបអាហារ ដ៏ ប្រណិតៗ ប្រកប ដោយ ភាព ច្នៃប្រឌិត ខ្ពស់ ដែរ។ ពលរដ្ឋ បារាំងទទួល ទាន ស្រាបៀរ ជាមធ្យម ៣៣លីត្រ ក្នុង ឆ្នាំ ២០២១ ឬស្មើ ប្រមាណ ២,៧៥ លីត្រ ក្នុង មួយ ខែ។ គេត្រូវ រង់ចាំរហូត ដល់ ទសវត្សរ៍ ឆ្នាំ ១៩៩០ ទើប ចាប់ ឃើញ មាន អ្នក ស្រាវជ្រាវផ្នែក អាហារូបត្ថម្ភ អេពីដេមីសាស្ត្រ និង វិទ្យាសាស្ត្រ សង្គម ផ្តើម ចាប់ អារម្មណ៍ សិក្សា អំពីឥទ្ធិពល និង ផលប៉ះពាល់នៃ ជាតិ អាល់កុល ( ស្រាបៀរ) ចំពោះសុខភាព។ ជា លទ្ធផល និង ដោយ គ្មាន អ្វី គួរ ឱ្យ សង្ស័យ អាល់កុល ឬ គ្រឿង ស្រវឹង ទោះ ជា ស្រាបិត ស្រាផ្អាប់ ឬ ស្រាបៀរ សុទ្ធ តែ បង្កគ្រោះថ្នាក់ ដល់ សុខភាព ទាំង អស់ ឱ្យ តែផឹក ច្រើន ហួសហេតុ ។ ប៉ុន្តែជំនឿ និង សម្មតិកម្មបញ្ច្រាសអួតអាង អំពីគុណប្រយោជន៍ នៃ ស្រាបៀរ ក៏ មាន ច្រើន។ ការសិក្សាចុងក្រោយ របស់ សាកលវិទ្យាល័យ ហាវ៉ាត អាមេរិកដែល សារព័ត៌មាន ជា ច្រើន បាន យក មក ចុះ ផ្សាយ បានអះអាង គុណប្រយោជន៍ ជា ច្រើននៃស្រាបៀរ ចំពោះ សុខភាព តាម រយៈ ការ សង្កេត ដែល ឃើញ ថា ការ ទទួល ទាន ស្រាបៀរស្រាលៗ ក្នុង បរិមាណ បន្តិច បន្តួច បីថ្ងៃក្នុង មួយ សប្តាហ៍ អាចជួយ សម្រួល ការ រំលាយ អាហារ ជួយ បញ្ចុះ ជាតិ ខ្លាញ់ អាក្រក់ ក្នុង ឈាម ដែល អាច ជួយ កាត់ បន្ថយ ហានិភ័យ មានគ្រោះ ស្ទះ ឬ ដាច់ សរសៃ ឈាម បេះដូង ឬ ជួយ កាត់ បន្ថយ គ្រោះ កើត ជំងឺ ទឹកនោមផ្អែម និង ជួយ ពង្រឹង ឆ្អឹង។ ប៉ុន្តែសម្រាប់ សាស្ត្រាចារ្យវេជ្ជបណ្ឌិត Olivier Cottencin ឯកទេស ផ្នែក ចិត្តវិទ្យា និងវិទ្យា ញៀន គ្រឿង ស្រវឹង នៅ មន្ទីរពេទ្យ និង មហាវិទ្យាល័យ វេជ្ជសាស្ត្រ ក្រុង Lille ប្រទេសបារាំង លោក បាន ប្រកាសដោយ ច្បាស់ លាស់ ថា គ្មានអាល់កុល ណា ដែល ល្អ សម្រាប់ សុខភាព ទេ ហើយ គ្មាន ទេ ភស្តុតាង តាម បែប វិទ្យាសាស្ត្រ បញ្ជាក់ អំពី ផលល្អ នៃ សុរាមក លើ រាងកាយ។ គុណសម្បត្តិ នៃ ស្រាបៀរ ចំពោះ សុខភាព ជា ជំនឿ ចាស់ គំរិល ដែលក្រុម អ្នក ជំនួញ យក មក ធ្វើហេតុផល សម្រាប់ បម្រើផលប្រយោជន៍ ទីផ្សារ លក់ ស្រាបៀរ តែប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យ Olivier Cottencin បាន រៀប រាប់ ដូច្នេះ ថា ស្រាបៀរ ល្អ សម្រាប់សុខភាព ជា សំណល់ ទស្សនៈ កាលពីសម័យ ដែល មនុស្ស មាន អាយុ ខ្លី រស់ បាន មិន ដល់ ៤០ឆ្នាំ និង មាន ទឹក បរិភោគ ជា ទឹក មិន ស្អាត។ ជា ទឹក កខ្វក់ មានមេរោគ ពិសាទៅ នាំ ឱ្យ មាន ជំងឺជា ច្រើន។ ហេតុដូច្នេះ ហើយមនុស្ស សម័យ នោះ ស្វែងរក ភេសជ្ជៈ ស្អាត។ ភេសជ្ជៈ មាន ជាតិ អាល់កុល ដែល រក ឃើញ មុន គេ ក្នុង សម័យបុរេប្រវត្តិ អេហ្ស៊ីប គឺ ស្រាបៀរ ។ បន្ទាប់ មក ទើប ជនជាតិ ក្រិក និង រ៉ូម៉ាំងចេះ ស្រាបិត។ ស្រា ស្រាបៀ គឺ ទឹក មាន ជាតិ អាល់កុល ដែល ផលិត ឡើង ដោយ ការ ផ្អាប់ បិត គ្រាប់ធញ្ញជាតិ ទើប ជាប់ ឈ្មោះ ជា ភេសជ្ជៈ ស្អាត ព្រោះ បាន បិត ព្រោះ មាន ជាតិ អាល់កុល។ បើ ប្រៀប ទៅ នឹងទឹកមិន ស្អាត ដែល មនុស្ស សម័យ នោះ ហូប ទៅ អាច ឆ្លង រោគកើត ជំងឺ ច្បាស់ ណាស់ ដែលថា ស្រាបៀរ ជា ភេសជ្ជៈ ល្អ ស្អាត នោះ។ នេះ ហើយ ជា ប្រភព និង ជា ដើម ហេតុ នាំ ឱ្យ គេ លេច គំនិ ត ជឿ ថា ស្រាបៀរ ជា ថ្នាំ ព្យាបាលរោគ ជា ឱសថ អាចជួយ ឱ្យ ជា ពី ជំងឺ អាច ការពារពីរោគាផ្សេង ពោលគឺ ស្រាបៀរ ល្អ សម្រាប់ សុខភាព និង សម្រាប់ ឆ្អឹង។ គ្រោះថ្នាក់នៃការ ផឹកស្រាបៀរ ច្រើនជ្រុល ជំនឿ នេះ បាន ដក់ ជាប់ ក្នុង ចិត្ត និង ជឿតគ្នាៗ ឆ្លង សតវត្សរ៍ បើ ទោះបី បច្ចុប្បន្ននេះ វិទ្យាសាស្ត្រាបញ្ជាក់ យ៉ាង ប្រាកដថា អាល់កុល បង្កើនហានិភ័យ គ្រោះថ្នាក់ តាំងពី ផឹកចូល មួយ កែវ ដំបូងក៏ ដោយ។ នៅក្នុង បទ សម្ភាសន៍ ផ្តល់ ឱ្យ សារព័ត៌មាន តំបន់ នា យុទ្ធនាការ ខែមករា គ្មានសុរាសោះ លោកសាស្ត្រាចារ្យ Olivier Cottencin បាន សង្កត់ ធ្ងន់ថា ការទទួល ទាន ភេសជ្ជៈ ស្រវឹង អាល់កុល ជា គ្រោះថ្នាក់ដ៏ ពិតៗ សម្រាប់ សុខភាព។ អ្នក ផឹក តិច និង អ្នក ផឹកច្រើន មាន សុខភាព ខុស ឆ្ងាយ គ្នា ស្រលះ។ អ្នកផឹកច្រើន មាន សុខភាព មិនល្អ ផឹក កាន់ តែ ច្រើន អាយុសង្ឃឹម រស់ កាន់ តែ ខ្លី កាន់តែ ទាប តែ មាន គ្រោះកើត ជំងឺ មហារីក ជំងឺ សរសៃ ឈាម បេះដូង កាន់តែច្រើន ព្រមទាំងជំងឺថ្លើម ជំងឺ ខួរក្បាល និង ផ្លូវ ចិត្តទៀត។ ផល ប៉ះពាល់ មានខ្លាំង ជា ពិសេស ដល់ ខួរក្បាល បើជា ក្មេង អាយុក្រោម ១៥ ឆ្នាំ។ សម្រាប់ អ្នក ចូល ចិត្ត ស្រាបៀរ សូមប្រយ័ត្ន គ្រោះថ្នាក់ ដ៏ ធំនិង ធ្ងន់ធ្ងរ បំផុត នៃ ស្រាបៀរ គឺ ភាព ញៀន ផឹក ច្រើន ជ្រុល ហួសហេតុ។ មាន ជាតិអាល់កុល ទាប ៥ដឺក្រេ ទៅ ៨ ដឺក្រេ ជា ទូទៅ ស្រាបៀរ ត្រូវ បាន គេ ចាត់ ទុក ថា គ្រឿង ស្រវឹង ដែល មាន សុវត្ថិភាព ជាង គេ។ មេឃ ក្តៅ អស់កម្លាំងពេញមួយ ថ្ងៃ បាន ទទួល ទាន ស្រាបៀរ ដ៏ ត្រជាក់ កាលណា អារម្មណ៍ ហាក់ បានស្រស់ ស្រាយ កាលណោះ ហើយចិត្ត ចង់ ថែម មួយ កែវហើយ មួយ កែវ ទៀតក៏លេច ឡើង ភ្លាម។ នេះ ជាកាយវិការ ដែល នាំ គ្រោះថ្នាក់ធំណាស់ ដល់ សុខភាព ព្រោះ ស្រាបៀរផឹក ក្នុង បរិមាណ ច្រើន គឺ ជា សត្រូវ ដ៏ អាក្រក់បំផុត របស់ ថ្លើម និង លំពែង។ បើ តាម វេជ្ជបណ្ឌិត Réginald Allouche ជា គ្រូពេទ្យ និង ជា វិស្វករផ្នែក ជីវវេជ្ជសាស្ត្រ ក្នុង ស្រាបៀរមាន តែ ជាតិរាវ អាមីដុងផ្អាប់ ពោល គឺ ស្ករ និងអាល់កុលតែ ប៉ុណ្ណោះ ដែល បើ ជ្រាប ចូល ក្នុង ខ្លួន ច្រើននិង យូរ ទៅ នឹងធ្វើ ឱ្យ សរីរាង្គចុះ ខ្សោយរលាក យ៉ាង ស្ងាត់ៗ។ កំរិត ជាតិ ស្ករ ក្នុង ស្រាបៀរដ៏ ខ្ពស់ខ្លាំង ស្រូប ចូលម្តងៗ ក្នុង បរិមាណ ដ៏ ច្រើន នឹង ទៅ បំពុល ថ្លើមដែល គ្មាន សមត្ថភាព បំប្លែង ទាន់ ទេ។ ថ្លើម នឹង ដំណើរការ លែង ប្រក្រតី ហើយ បំប្លែង ច្រាន ខ្លាញ់ទម្លាក់ ទៅ ចុកក្នុង ពោះ ហេតុដូច្នេះ ហើយ បាន ជា អ្នក ផឹក ស្រាបៀរ ច្រើន តែធាត់ និង ដុះ ពោះ ធំ រួច ប្រឈម នឹង គ្រោះ ធ្លាក់ ខ្លួន មាន ជំងឺ ទឹកនោមផ្អែម ប្រភេទ ទីពីរ។ ជា សរុប គ្មានទេ ការ បរិភោគជាតិអាល់កុល ដោយ គ្មាន គ្រោះហានិភ័យនោះ។ គឺ មាន ការ ទទួល ទាន ប្រកប ដោយ ហានិភ័យ តិច ឬ ខ្ពស់ ខ្លាំង តែប៉ុណ្ណោះ។ និង ក៏ គ្មាន ដែរ កំរិត អប្បបរិមា នៃ សុរា ឬ ស្រាបៀរ ដែល បរិភោគចូល ទៅដោយ គ្មាន ហានិភ័យ នោះ។ ប៉ុន្តែ ដោយ យល់ ថា គេ មិន អាច ហាមឃាត់ ទាំងស្រុង ការ ទទួល ទាន គ្រឿង ស្រវឹង អាល់កុល នៅប្រទេស បារាំង អាជ្ញាធរ សុខាភិបាល និង អ្នក ជំនាញ នៃ វិទ្យាស្ថាន ជាតិ ប្រឆាំងនឹង ជំងឺ មហារីក បាន សាកល្បង កំណត់ហានិភ័យ ដែល អាច ទទួល យក បាននិង បរិមាណ គោលតែ មួយ សម្រាប់ ឱ្យ ពលរដ្ឋ ទាំង ប្រុសទាំង ស្រី ពិចារណា និង គោរពតាម។ តាំងពី ឆ្នាំ ២០១៧មក បារាំង បាន ណែនាំ ឱ្យ ពលរដ្ឋទទួល ទាន អាល់កុល ស្រា ស្រាបៀរ យ៉ាង ច្រើន បំផុត ១០កែវ ក្នុង មួយ សប្តាហ៍ និង កុំ ជាប់ គ្នា រាល់ថ្ងៃ ដោយ ប្រើ ពាក្យ ស្លោក ថា ពីរកែវយ៉ាងច្រើន ក្នុង មួយ ថ្ងៃ និង មិនរាល់ថ្ងៃ។ ដូច្នេះ សម្រាប់ ស្រាបៀរ ដែល មាន ភាគរយ អាល់កុល៥ដឺក្រេ ការបរិភោគជា អតិបរិមា គឺ ២កែវ ចំណុះ ២៥មីល្លីត្រ យ៉ាង ច្រើនបំផុត ក្នុង មួយ ថ្ងៃ និង មិន ជាប់ គ្នា រាល់ ថ្ងៃទេ៕
Aloita 7 vrk maksuton tilaus
Kokeilun jälkeen 7,99 € / kuukausi.Peru milloin tahansa.
Podimon podcastit
Mainoksista vapaa
Maksuttomat podcastit